សេអ៊ូល៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពិធីបើក វេទិកា ធុរកិច្ច កម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និង សាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ យើងមានចំណុចរួមមួយ គឺកេរ្តិ៍ដំណែលនៃការជម្នះឧបសគ្គគ្រប់បែបយ៉ាង និងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ។ ប្រទេស ទាំង ពីរ ធ្លាប់ រងគ្រោះដោយសារសង្គ្រាម។ ប៉ុន្តែយើងបាន ងើប ឡើងវិញ ប្រកបដោយភាព ធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជន និងប្រជាជន, ប្រជាប្រិយភាពយ៉ាងទូលំទូលាយនៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨ នាក់ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៣ ។ទន្ទឹមនេះ សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ចាប់តាំងពីឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា ។ជាលទ្ធផល យើងសង្កេតឃើញ ការកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ។ ក្រុមហ៊ុនកូរ៉េបាននិងកំពុងដើរតួនាទីជាតួអង្គគន្លឹះក្នុងទិដ្ឋភាព សេដ្ឋកិច្ច របស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុន កូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ។ជាចុងក្រោយ សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។បន្ថែមលើនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ ក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់ និងធុរកិច្ចថ្មី ប្រកបដោយភាពបុរេសកម្ម តាមរយៈការស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា, ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា» ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ