សេអ៊ូល ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើវិស័យការពារជាតិនិង សន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ