ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ឃួន សុដារី ៖ ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូត
Tue,14 May 2024 (Time 12:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ​ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលលោកជំទាវ ត្រូវចេញទៅបំពេញបេសកកម្មការទូត។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងមានមោទនភាពជាទីបំផុតដែល​ លោកជំទាវ ទួត បញ្ញា ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការតែងតាំងជាឯកអគ្គរាជទូត ប្រចាំបណ្តាប្រទេសចំនួន៦នៅប៉ែកអឺរ៉ុប។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកជំទាវ​ ដែលបានបំពេញបេសកកម្មក្នុងវិស័យការទូត​ និងព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០មក។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្តថា នាពេលបច្ចុប្បន្នបេសកកម្មការទូតមិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត មានដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។ សម្តេចបានសង្កត់ធ្ងន់ថា​ ការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាជន​ និងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ​ លោកជំទាវគឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិ។ ក្នុងខណៈដែលពិភពលោក មានស្ថានភាពប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក មានការងារសំខាន់ៗជាច្រើនទៀតដែលនឹងត្រូវបំពេញ ដូចជាការងារនយោបាយការបរទេសជាដើម។ ម្យ៉ាងវិញទៀត ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានផ្តល់ជាអនុសាសន៍មួយចំនួនដល់​ លោកជំទាវ ឯកអគ្គរាជទូត ដោយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច។ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋខ្មែរ ជាដើម។

លោកជំទាវ ទួត បញ្ញា បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវបានចូលជួបជម្រាបលា​ និងទទួលបានអនុសាសន៍ល្អៗ នាឱកាសនេះ។ លោកជំទាវ បានបេ្តជ្ញាចិត្តថានឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗរបស់​ សម្តេចរដ្ឋសភាធិបតី ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតដោយនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិ​ និងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ