ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ក្រសួងបន្តចូលរួមធ្វើឱ្យសម្រេចបានសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្ស
Mon,13 May 2024 (Time 04:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ៖​ ឯកឧត្តម​ នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បញ្ជាក់ថា​ ក្រសួងព័ត៌មានបន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជាការផ្តល់នូវឱកាសដល់កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យ តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើម្បីប្រែក្លាយរូបភាព ខ្លឹមសារទៅជាការអប់រំ ផ្តល់ចំណេះដឹងជាប្រយោជន៍​ យូរអង្វែងសម្រាប់បំនិនជីវិត មានន័យថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹងសិល្បៈ តន្ត្រី។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា តាមរយៈបទពិសោធន៍នៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក សិល្បៈពិតជាមានឥទ្ធិពល យ៉ាងខ្លាំងក្លាទៅលើចិត្តគំនិត​ របស់បុគ្គលគ្រប់រូប ហើយក្រៅពីមានតួនាទី ជាចំណីអារម្មណ៍របស់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ សិល្បៈក៏មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់នឹងជីវិតមនុស្ស ដោយមិនអាចកាត់ផ្តាច់ឃ្លាតគ្នាបានឡើយ។ ដូច្នេះ កុមារក៏ត្រូវមានចំណីអារម្មណ៍ផ្ទាល់ ដែលជាចំណែកមួយនៅក្នុងវិធីអប់រំទាំងឡាយ ដើម្បីបណ្តុះនិស្ស័យល្អៗរបស់កុមារ ឱ្យស្ថិតលើផ្លូវមួយឆ្ពោះទៅរកភាពថ្លៃថ្នូរ នៃមនុស្សជាតិ និងក្លាយជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិកម្ពុជា​ ដើម្បីកុមារបានលើកប្រធានបទសម្រាប់ទិវាកុមារ កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យ បដិវត្តកម្មឌីជីថល” ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចធិបតី ផ្ទាល់ក៏ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារនេះផងដែរ។

ស្របនឹងប្រធានបទខាងលើនេះ រូបភាពនឹងខ្លឹមសារមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ ក្រសួងព័ត៌មាន ដែលបានរៀបចំ ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់ ក្រុមការងារជំនាញទាំង ៥អគ្គនាយកដ្ឋាន និងក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដែលជាសេនាធិការ បានចូលរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ។

ឯកឧត្តម រដ្ឋមន្រ្តី សូមសម្តែងការវាយតម្លៃខ្ពស់​ ចំពោះថ្នាក់ដឹកនាំ ជាពិសេស លោកស្រី ច័ន្ទ ធី និងក្រុមការងារដែលបានផ្តួចផ្តើមគំនិត និងខិតខំរៀបចំកម្មវិធី​ មហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើងវិញ ហើយសូមថ្លែងអំណរគុណដល់លោក ហួត ឃាងវេង ដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ថវិកាបន្ថែមពីសប្បុរសជននានា​ សម្រាប់គាំទ្រដល់មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤នេះ ឆ្លើយតបតាមការស្នើសុំរបស់ក្រសួង បន្ថែមពីលើថវិកាជាតិដែលទទួលបានការគាំទ្រ។

នៅក្នុងឱកាសប្រកបដោយក្តីសប្បាយរីករាយនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមជូនពរដល់ក្មួយៗ កុមារា កុមារី ដែលមកចូលរួមទាំងអស់ទទួលបានជោគជ័យ ទៅតាមសមត្ថភាពរបស់ក្មួយៗរៀងៗខ្លួន។

មហោស្រពតន្ត្រី និង ចម្រៀងកុមារ ឆ្នាំ២០២៤ មានសិស្សសាលារដ្ឋ និងសាលាឯកជន ក្នុងរាជធានី-ខេត្ត សរុប ៣៤ក្រុម ស្មើ នឹងចំនួនកុមារចូលរួមប្រមាណ ២០០នាក់ នឹងមកបង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន ដែលត្រូវប្រកាសក្នុងពិធីបិទនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៤៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ