សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង រយៈពេល៥ថ្ងៃ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥-១៩ឧសភា តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។
យោងតាមសេចក្ដីប្រកាស ព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៣ ឧសភា នេះបានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃ ប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារ មួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ នាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។ សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ៕