ក្រសួងបរិស្ថាន បដិសេធចំពោះយុវជនក្រៅច្បាប់មួយក្តាប់តូចដែលយកលេសជ្រកក្រោមស្លាកការពារបរិស្ថាន បានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីបំភ្លឺ និងបដិសេធ ចំពោះមានក្រុមយុវជនមួយក្រុម ដែលនៅក្រៅច្បាប់បានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ ធ្វើការសម្ដែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្អូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។
តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានរៀបរាប់ថា៖ «សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះមានក្រុមក្រៅច្បាប់មួយក្រុមបានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្ដែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន»។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធលើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង។ នៅក្នុងន័យនេះសូមសាធារណជនមេត្តាជ្រាប និងកុំជឿលើការផ្សព្វផ្សាយបោកប្រាស់ បំភ្លៃបំផ្លើស ខុសពីការពិតជាក់ស្ដែង ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា៕