ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)។នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយសម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងការបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។សម្តេចធិបតី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះគឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន។ក្នុងឱកាសនៃជំនួប លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ គឺជាលើកទី១របស់លោក ហើយការអញ្ជើញមកនេះមានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលជូននិស្សិតកម្ពុជាជាង ២ ០០០នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤។ទន្ទឹមនោះ លោកបណ្ឌិត បានគោរពជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ