ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ សំដៅពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក្នុងគ្រួសារប្រកបដោយភាពរឹងមាំ។តាមរយៈសារលិខិតសម្ដេចធិបតី ក្នុងឱកាសទិវាអន្តរជាតិស្ដីពីគ្រួសារ ថ្ងៃទី១៥ ឧសភា គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវគ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ចំពោះសមាជិក គ្រួសាររបស់ខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញ វិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍសមត្ថភាព ធនធានមនុស្សក្នុងគ្រួសារ ឲ្យប្រកបដោយភាពរឹងមាំ សេចក្តី ថ្លៃថ្នូរ និងស័ក្តិសិទ្ធភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែល ជាកោសិកាសង្គមឲ្យកាន់តែរុងរឿង ថ្កុំថ្កើង និងមានសុភមង្គល»។សម្ដេចធិបតីបន្ដថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍ រៀបចំឲ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ អំពីគុណតម្លៃគ្រួសារក្នុងការ ចូលរួមសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រ សហគ្រាសនានា ទូទាំងប្រទេស។សម្ដេចធិបតីបន្ថែមថា ក្រសួងសង្គមកិច្ច ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានា តាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅឲ្យកាន់តែ ប្រសើរឡើងបន្ថែមទៀតស្រប តាមការអភិវឌ្ឍសង្គមជាតិ តាមរយៈការសិក្សារៀបចំកម្មវិធី ស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ ជាពិសេសគ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន និងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និងសហគមន៍ ដើម្បីលើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាជនគ្រប់រូប។សម្ដេចនាយករដ្ឋមន្ដ្រីឲ្យដឹងទៀតថា មូលនិធិជាតិជំនួយសង្គម ត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗ ក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារ សង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះនិងងាយរងគ្រោះ សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាបន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ