ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យឈប់មួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន
Tue,09 April 2024 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតប និងអំពាវនាវដល់បរទេសជាមិត្ត និងមិនមែនមិត្តទាំងអស់ឱ្យឈប់មួលបង្កាចកម្ពុជាទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម និងព្រែកជីកតេជោហ្វូណន ដោយគ្រាន់តែពួកគេមានចេតនាប្រឆាំងចិនតទៅទៀត ដោយថារដ្ឋាភិបាលក៏ចេះស្រលាញ់ជាតិដូចពួកអ្នកមួលបង្កាច់ទាំងនោះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដញទំនាក់ទំនងសង្គមរបស់សម្ដេចនៅថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៤នេះថាបន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះមានការប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងថាព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។

សម្ដេចតេជោបានចោទជាសំណួរថា៖ «តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ហើយតើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?»។

សម្ដេចតេជោបញ្ជាក់ថា ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។

សម្ដេចសរសេរបញ្ជាក់ថា៖ «ចំណុចនេះបានបញ្ជាក់ច្បាស់ថាគ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ»។

សម្ដេចតេជោថា ព្រែកជីកតេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។ ហើយព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។

សម្ដេចបន្ថែមថា៖ «យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ»។

សម្ដេចតេជោ អំពាវនាវសូមកុំមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី រដ្ឋាភិបាលក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកដែលមួលបង្កាច់ទាំងនោះដែរ ហើយខួរក្បាលរបស់ពួកអ្នកទាំងនោះក៏មិនប្រាកដថា ពូកែជាងកម្ពុជានោះទេ សំណាងត្រង់ពួកគេកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ