ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា
Wed,03 April 2024 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

ភ្នំពេញ៖ ថ្លែងក្នុងឱកាសត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី ២៥ឆ្នាំមុន។

បើតាមសម្តេចថ្លែងក្នុងពិធីបើក សម័យប្រជុំព្រឹទ្ធសភាលើកដំបូង សម្រាប់នីតិកាលទី៥ នាថ្ងៃ៣ មេសាថា ក្នុងតំណែងជាប្រធានព្រឹទ្ធសភានេះ គឺសម្តេចមានវ័យ៧២ឆ្នាំ ក៏ស្របពេលទៅនឹងសម្តេចបាន ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជាដំបូង ក្នុងវ័យ៣២ឆ្នាំ ដែលមានលេខ២នៅកន្ទុយដូចគ្នា ។ សម្តេចបន្តថា កាលពី២៥ឆ្នាំមុន ស្ថានភាពនយោបាយនៅកម្ពុជា នាពេលនោះមិនមានលក្ខណៈល្អប្រសើរនោះទេ ដោយសារទើបតែបញ្ចប់សង្គ្រាម ដើម្បីដោះស្រាយវិបត្តិនយោបាយ សម្តេចក៏បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច (នាយករដ្ឋមន្រ្តីមាន២ គឺនាយករដ្ឋមន្រ្តីទី១ និងនាយករដ្ឋមន្រ្តីទី២) នាពេលនោះដែលមានព្រះរាជវត្តមាន របស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋផងដែរ ហើយក៏សម្រេចបង្កើតស្ថាប័នព្រឹទ្ធសភា មួយថែមទៀតមានលំនាំដូចខាងអឺរ៉ុបដែរ ដោយសម្តេចជា ស៊ីម ជាប្រធានព្រឹទ្ធសភា ហើយសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា ហើយសម្តេចផ្ទាល់ជានាយករដ្ឋមន្រ្តី ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ក្នុងថាឋានៈជាសហស្ថាបនិក ក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង ទូលព្រះបង្គំ សូមយកឱកាសដ៏កម្រនេះ រំលឹកអំពីសារៈសំខាន់ផ្នែកនយោបាយ នៃការបង្កើតព្រឹទ្ធសភា ក្នុងការដោះស្រាយវិបត្តិនយោបាយ ដែលបានបង្កឲ្យមានការគំរាមកំហែងដ៏ធំមួយ ដល់ឯកភាពនិងស្ថេរភាពជាតិ ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ ។ សូមឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិ៍សា ជា ស៊ីម តាមកិច្ចព្រមព្រៀងថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះ នៅឆ្នាំ១៩៩៩ បានបើកច្រកឲ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនានា ដែលជាប់ឆ្នោត” ។

សម្តេចបានរំលឹកទៀតថា “នៅក្នុងពេលជាប់គាំងនោះ ឥឡូវសួរថា គំនិតទាក់ទងនឹងព្រឹទ្ធសភា ចេញពីអ្នកណា ខ្ញុំគួរតែអរគុណចំពោះវិញ្ញាណក្ខន្ធ របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលនឹកឃើញរឿងនេះ (បង្កើតព្រឹទ្ធសភា) ឯកឧត្តម ប្រាក់ សុខុន ក៏បានដឹងរឿងនេះ លើកគំនិតនេះមកជាមួយខ្ញុំ ខ្ញុំក៏បានទៅពិភាក្សាជាមួយសម្តេច ជា ស៊ីម បន្ទាប់ទៅក៏បានប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនថា មានតែវិធីមួយដែលអាចប្រើប្រាស់ នូវការចែករំលែកអំណាច នៅក្នុងដំណាក់កាលនូវប្រព័ន្ធ២ភាគ៣នេះ នោះគឺការបង្កើតព្រឹទ្ធសភា យើងក៏បានជូនសារនេះ ទៅគណបក្សហ្វ៊នស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ” ។

សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជាបន្តថា “បើយើងនិយាយអំពីព្រឹទ្ធសភានេះ ដំបូងបំផុត យើងត្រូវនឹកទៅដល់ ព្រះគុណដ៏ធំធេងរបស់ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋដែលពេលនោះ ព្រះអង្គបានដឹកនាំដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅ ក្រោយដំណាក់កាលនៃការបោះឆ្នោត បើទោះបីជាការបោះឆ្នោតពេលនោះ ត្រូវបានប្រសិទ្ធនាមថា ជាអច្ឆរិយនៃតាមដងទន្លេមេគង្គ ក៏ប៉ុន្តែការមិនសុខចិត្តនៃបក្សនយោបាយមួយចំនួន បង្កើតឡើងឲ្យមានវិបត្តិធ្ងន់ធ្ងរ ក្រោយការបោះឆ្នោត(១៩៩៣)” ។ ពេលនោះយើងក៏បានផ្តួចផ្តើមគំនិត ដាក់ចេញនូវសំណើរ ពីគណបក្សប្រជាជន ស្នើបង្កើតឲ្យមានព្រឹទ្ធសភា ចឹងព្រឹទ្ធសភារបស់យើងនេះ វាចាប់ផ្តើមចេញពី វិបត្តិដោះស្រាយវិបត្តិនយោបាយ ក៏ប៉ុន្តែការបង្កើតស្ថាប័នព្រឹទ្ធសភា វាក៏ជាលំនាំ នៃប្រទេសជាច្រើនដែលមានសង្គ្រាមជិះជាន់ ចឹងចំណុចត្រង់នេះ ព្រួញមួយបាញ់បានសត្វច្រើននៅទីនោះ គឺបញ្ចប់ភាពជាប់គាំងខាងនយោបាយ” ។

តាមការបញ្ជាក់របស់សម្តេចតេជោ ស្ថាប័នជាតិព្រឹទ្ធសភាមួយនេះ បានបង្ហាញឲ្យឃើញនូវសមត្ថភាព វិសេសវិសាល ភាពចាស់ទុំ ខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបម្រើផលប្រយោជន៍ស្នូល របស់ប្រទេសជាតិ និងប្រជាជន សម្រេចបានសមិទ្ធផល និងវឌ្ឍនភាព គួរឲ្យស្ងប់ស្ងែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំង៣របស់ខ្លួន ពោលមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង ។ ទទ្ទឹមនេះ ព្រឹទ្ធសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រទេសដោយសម្របសម្រួលរវាង រដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយ ដែលកើតមានជាយថាហេតុ។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣ មេសានេះ ក្នុងសម័យប្រជុំលើកបូងសម្រាប់នីតិកាលទី៥ ត្រូវបានសមាជិក-សមាជិកា ព្រឹទ្ធសភាបោះឆ្នោតឲ្យជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង ខណៈលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ត្រូវបានសមាជិកព្រឹទ្ធសភាទាំង ៦២រូប បោះឆ្នោតឲ្យជាប់ជាអនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ