ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
Wed,24 April 2024 (Time 10:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ភ្នំពេញ៖ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ។

ការប្តេជ្ញារបស់ប្រធានរដ្ឋឡាវ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេស ចំពោះការរៀបចំ ផ្លាស់ប្ដូរថ្នាក់ដឹកនាំ នៅក្នុងប្រទេសកម្ពុជា ពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ ប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំ របស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជា មានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

បន្ថែមលើនេះ ប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រ ដល់ភាគីឡាវ ជាប្រធានអាស៊ាន ប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រ ពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ប្រទេសឡាវ ក៏នឹងរង់ចាំ ទទួលស្វាគមន៍ជានិច្ច ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី នៅប្រទេសឡាវ នាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀត ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាន នូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាន នូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។

ចំពោះកិច្ចការព្រំដែន លោកប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួន ជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។

ចំពោះមុខសម្តេចធិបតី លោកប្រធានរដ្ឋ បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនង ដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀត ដល់ការលើកកម្ពស់ កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមក នូវផលប្រយោជន៍រួម ជូនប្រជាជន និងប្រទេសទាំងពីរ។

ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរមហាប្រសើរដល់លោកប្រធានរដ្ឋ និងគណៈប្រតិភូ ជាមួយនឹងការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ