ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រមុខការទូតចិន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត
Tue,23 April 2024 (Time 12:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ភ្នំពេញ៖ នារសៀល ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមាន៧មករា។ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ដោយសម្ដេចបានចាត់ទុកថាឯកឧត្តមជាមិត្តចាស់របស់សម្ដេច ដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថាកាលពីខែ សីហាកន្លងទៅនេះ ឯកឧត្តម វ៉ាង យី ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ផងដែរ ដែលរហូតមកដល់ពេលនេះមិនដល់រយៈពេលមួយឆ្នាំផង ឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ក្រោយពេលនៃការផ្លាស់ប្ដូរមកអ្នកបន្តវេនជំនាន់ក្រោយ ដែលពេលនេះអ្វីៗគឺដំណើរការទៅដោយរលូន ទាំងស្ថេរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្ដេចតេជោក៏បានអរគុណឯកឧត្តម វ៉ាង យី ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្តម វ៉ាង យី បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជាដែលបានទទួលឯកឧត្តមយ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះកាលពីព្រឹកមិញ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសយើងទាំងពីរក៏ដូចជាបក្សទាំងពីរ គឺយើងបានឈានដល់ដំណាក់កាលថ្មីមួយទៀត។ ឯកឧត្តមបានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មី ដោយភាពរលូន។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិនក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ពីឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង ពីឯកឧត្តមប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំចិនដទៃទៀត។ ឯកឧត្តមក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលកន្លងទៅថ្មីៗនេះ ហើយអបអរសាទរចំពោះសម្តេចតេជោដែលក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះផងដែរ។

ឯកឧត្តម វ៉ាង យី សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី នឹងបន្តតួនាទី ក៏ដូចជា ទំនាក់ទំនងល្អជាមួយចិន ដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក។ ឯកឧត្តម វ៉ាង យី ក៏បានកោតសរសើរចំពោះភាពរីកលូតលាស់យ៉ាងលឿននៃទីក្រុងភ្នំពេញដែលក្នុងរយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលកើតមានឡើងនេះគឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយដែលមានចក្ខុវិស័យច្បាស់លាស់។

ឯកឧត្តមបន្តទៀតថា ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយឯកឧត្តមសង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដគួរឲ្យទុកចិត្ត របស់កម្ពុជា។ ឯកឧត្តមបានសន្យាថា ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាក៏បានអំណរគុណចំពោះឯកឧត្តមវ៉ាងយីដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន។ សម្ដេចក៏បានមានប្រសាសន៍ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ