ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ផ្តល់អនុសាសន៍ណែនាំ​ចំនួន៦ចំណុច ដើម្បីបន្តយកចិត្តទុកដាក់ និងជំរុញការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម
Fri,22 March 2024 (Time 08:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បាន​ផ្តល់​នូវអនុសាសន៍ណែនាំ​ចំនួន៦ចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីបន្តយកចិត្តទុកដាក់ និងជំរុញការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាមនៅកម្ពុជា។

ការផ្តល់នូវអនុសាសន៍ណែនាំ​ទាំងនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌន​ ដែលមានបងប្អូនខ្មែរ​ឥស្លាមចូលរួមប្រមាណ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ចំពោះវិស័យអប់រំនៅក្នុងវិស័យខ្មែរ​ឥស្លាម បច្ចុប្បន្នមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌគ្រូបង្រៀន ជូនដល់សហគមន៍ខ្មែរ​ឥស្លាម ដែលធ្វើឱ្យចំនួនសិស្សនិស្សិតបញ្ចវ័ន្តខ្មែរ​ឥស្លាម កាន់តែមានចំនួនកើនឡើង។

ទន្ទឹមគ្នានេះ សម្តេចធិបតីសូមអំពាវនាវឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីឱ្យបងប្អូន ខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរឡើង តាមរយៈ អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ សូមបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។

ទី២. ត្រូវបន្តរៀបចំដឹកនាំ កិច្ចការសាសនាក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។

ទី៣. ​អាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម ស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការកំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។

ទី៤. សូមបង្កើនសកម្មភាពសង្គម តាមរយៈ កិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ ។

ទី៥. សូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ:សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា ។

ទី៦. ត្រូវបន្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម​ បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍។​

ព្រមជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះបងប្អូនខ្មែរឥស្លាម ដែលបានជឿជាក់រដ្ឋាភិបាល និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ