ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមហ៊ុន MinebeaMitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ
Sat,07 December 2024 (Time 09:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកអគ្គនាយកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពី វឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ក្រុមហ៊ុន Minebea​ ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។

លោកអគ្គនាយកក្រុមហ៊ុនក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះ​ បង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។

សម្ដេចបវរធិបតី មានជំនឿងយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានាសម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន៖ ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក, ការកសាងផ្លូវថ្នល់ ​ស្ពាន, និងការកសាងព្រែកជីកហ្វូណន តេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ