អភិបាលខេត្តបាត់ដំបង ចាត់តំណាងនាំយកថវិកាផ្តល់ជូនភរិយាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យថ្មគោល ដែលជួបគ្រោះថ្នាក់ចរាចណ៍កំពុងសម្រាកព្យាបាលមន្ទីរ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមន្រ្តីប្រតិបត្តិសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកានិងភេជ្ជៈមួយចំនួនផ្តល់ជូនលោកស្រី ស៊ីម អាន ត្រូវជាភរិយារបស់លោកគ្រូ ខៀវ វ៉ែន ជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យថ្មគោល ដែលគ្រោះថ្នាក់ចរាចណ៍កាលពីល្ងាចថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៤ ខណៈលោកគ្រូ (ស្វាមី) កំពុងបំពេញបេសកម្មដឹកនាំយុវជនចូលរួមបោះជំរុំយុវជននៅខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសុវណ្ណ ក្រុងបាត់ដំបង។
លោក ផេង សិទ្ធី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្តជូនពរដល់លោកស្រី ស៊ីម អាន ឆាប់បានជាសះស្បើយឡើងវិញ។
លោកគ្រូ ខៀវ សាវ៉ែន ត្រូវជាស្វាមី មានក្តីរំភើបឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់លោក សុខ លូ ជាពិសេសអ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕