(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យទស្សនាតាមការផ្សាយផ្ទាល់ ក្នុងករណីមិនអាចចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» ដោយផ្ទាល់បាន។លោក កើត ឆែ ថ្លែងបែបនេះ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទព័ត៌មាន ស្ដីពី ព្រឹត្តការណ៍បាល់ទាត់អបអរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានមរតកតេជោ។លោកអភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បងប្អូនអាចអញ្ជើញមកទីនេះបាន […] ប៉ុន្តែដើម្បីកុំឲ្យលំបាកដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនៅឆ្ងាយ គឺបងប្អូនអាចទស្សនាតាមការឡាយ តាមទូរទស្សន៍ និងបណ្ដាញសង្គមនានា»។មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដ៏អស្ចារ្យនេះរៀបចំឡើង ដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា ជាប្រវត្តិសាស្ត្រ និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នាទី រសៀល រហូតដល់ម៉ោង ២០:០០ នាទី យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។លោក កើត ឆែ គូសបញ្ជាក់បន្ថែមថា ការប្រកួតកីឡានាពេលនេះផ្ដោតសំខាន់ទៅលើ កីឡានៃសន្តិភាព ដូច្នេះគណៈកម្មាធិការនៃមហាព្រឹត្តិការណ៍សម្រេចរៀបចំនៅពហុកីឡដ្ឋានមរតកតេជោដែលមាន វិមានឈ្នះឈ្នះ នៅខាងមុខដែលសាកសមត្រឹមត្រូវតាមអត្ថន័យដែលចង់បាន។បើតាមប្រសាសន៍របស់លោក កើត ឆែ តាមរយៈបទពិសោធក្នុងការរៀបចំព្រឹត្តិការណ៍ seagame កន្លងមក រដ្ឋបាលរាជធានីភ្នំពេញជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមអ្វីដែលបានគ្រោងទុក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ