បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងនូវការលើកទឹកចិត្តដល់យុវជនគ្រប់រូប ត្រូវរៀនបច្ចេកវិទ្យា Digital ឱ្យចេះប្រកបដោយគុណភាព ដើម្បីដើរឱ្យទាន់បរិបទសង្គមនាពេលបច្ចុប្បន្ន ដែលត្រូវការការបំផុតមូលធនមនុស្សផ្នែកបច្ចេកវិទ្យា Digital ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានផ្តោតសំខាន់លើជំនាញបច្ចេកវិទ្យា Digital ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិកាន់តែមានការរីកចម្រើន នឹងក្លាយជាប្រទេសអភិវឌ្ឍដូចអារ្យប្រទេសនានានៅលើពិភពលោក នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ខាងមុខនេះ ។ការថ្លែងលើកទឹកចិត្តបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំសាលាអនុគណស្រុកបាណន់ ព្រមទាំងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីបញ្ញាបុប្ផារាម ហៅវត្តបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់យុវជនឃុំឈើទាល និងឃុំភ្នំសំពៅ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ខណៈឃុំទាំង៨របស់ស្រុកបាណន់ មានឃុំចំនួន៥ហើយ ដែលបានបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងបន្តឱ្យបានគ្រប់ទាំង៨ឃុំ នាពេលខាងមុខនេះ ។លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងបញ្ជាក់ថា តាមមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានចំណុចសំខាន់គន្លឹះចំនួន៥ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា Digital ដែលយើងត្រូវអនុវត្តទាំងអស់គ្នា ទាំងក្រុមការងារ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជន និងប្រជាពលរដ្ឋផងដែរ ។លោកសន្តិបណ្ឌិត បានរម្លឹកថា ១០ឆ្នាំមុន យើងគិតអំពីរឿងផ្លូវ ទឹក ភ្លើង ប៉ុន្តែក្រោយឆ្លងកាត់ដំណាក់កាល៥ឆ្នាំ ១០ឆ្នាំមក បញ្ហាផ្លូវ ទឹក និងភ្លើងយើងបានធ្វើគ្រាន់បើនៅតាមភូមិ ឃុំ ស្រុក មានផ្លូវទៅមកបានយ៉ាងល្អប្រសើរ ទើបគិតអំពីរឿងធនធានមនុស្សវិញ ដែលមានសារសំខាន់រាប់រយឆ្នាំតទៅមុខទៀត មានន័យថា នុស្សមានការយល់ដឹងទើបអាចមានការរីកចម្រើន អ្វីដែលសំខាន់គឺគិតអំពីធនធានមនុស្សឡើងវិញ ហើយធនធានមនុស្សនេះមិនត្រឹមតែគិតចំពោះតែយុវជន និងប្រជាពលរដ្ឋទូទៅនោះទេ តែចំពោះព្រះសង្ឃក៏ត្រូវតែគិតផងដែរអំពីការយល់ដឹងកសាងប្រទេស រួមជាមួយគ្នានោះដែរ ពេលព្រះសង្ឃបានរៀនសូត្រ មួយផ្នែកសម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រ និងក្រោយពីការសឹកអាចចូលបម្រើក្នុងវិស័យអាណាចក្រ គឺបម្រើឱ្យការងារសង្គមជាតិ ។លោកសន្តិបណ្ឌិត បានបង្ហាញថា គ្រាន់តែអាហារូបករណ៍របស់សម្តេចក្រឡាហោម ស ខេង នៅក្នុងស្រុកបាណន់នេះ ក៏មានព្រះសង្ឃបានចូលរៀនផងដែរ ដើម្បីឱ្យព្រះសង្ឃមានឱកាសបានរៀនហើយ មានឱកាសបានចូលរួមបម្រើក្នុងការងារសង្គមជាតិគ្រប់ពេលវេលាបាន ។ ដូច្នេះ ចំពោះសិស្សានុសិស្ស ដែលជាអនាគតរបស់ប្រទេសជាតិ ក៏យើងខិតខំធ្វើយ៉ាងម៉េចឱ្យពួកគេបានចូលរួមក្នុងសង្គមជាតិ ដំបូងបំផុតក្មួយៗត្រូវស្រឡាញ់គ្រួសារ បើស្រឡាញ់គ្រួសារ ខ្លួនឯង សង្គម និងប្រទេសជាតិហើយ ត្រូវខិតខំរៀនយកចំណេះដឹង ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាពពិតប្រាកដ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនដើម្បីឈានឆ្ពោះទីកាន់ចក្ខុវិស័យរបស់កម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ខាងមុខនេះ ជាប្រទេសអភិវឌ្ឍ ។លោក សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា ដោយសារតែរាជរដ្ឋាភិបាលបានចាត់ទុកធនធានមនុស្សជាកត្តាសំខាន់នោះហើយ ទើបក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ បានខិតខំកសាងអគារសិក្សា ក៏ដូចជាបង្កើតនូវវិទ្យាល័យរហូតដល់៣ទីតាំង ក្នុងស្រុកបាណន់ ខណៈដែលស្រុកដទៃទៀតនៅក្នុងខេត្តបាត់ដំបង មានត្រឹមតែ២វិទ្យាល័យប៉ុណ្ណោះ សម្រាប់ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងស្រុកបាណន់ឱ្យបានច្រើន ។ពាក់ព័ន្ធនឹងការបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់យុវជននៅឃុំឈើទាល ស្រុកបាណន់នេះដែរ ត្រូវបានលោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានលើកទឹកចិត្តដល់យុវជនទាំងអស់ត្រូវតែរៀនជំនាញវិជ្ជាជីវៈឱ្យបានយ៉ាងតិចមួយមុខ ដើម្បីយើងមានធនធានមនុស្សផ្នែកជំនាញបច្ចេកទេសសម្រាប់ស្វែងរកការងារល្អធ្វើ មានប្រាក់ចំណូលខ្ពស់ អាចចិញ្ចឹមជីវភាពសម្រាប់ខ្លួនឯង គ្រួសារ និងបន្តជួយដល់សហគមន៍ និងប្រទេសជាតិយើងបាន ។លោក បានបញ្ជាក់បន្ថែមទៀតថា ការបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រនាពេលនេះ មានគោលដៅសម្រាប់ផ្តល់ឱកាសដល់យុវជនគ្រប់រូបអាចចូលបម្រើការងារបានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ព្រោះឈានចូលមកដល់ក្នុងយុគសម័យសកលភាវូបនីយកម្មនៃការរីកចម្រើនបច្ចេកវិទ្យា Digital នៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ត្រូវតែដើរឱ្យទាន់នៃសម័យកាល្បច្ចេកវិទ្យា Digital ហើយបើយើងមិនបានរៀនសូត្រយល់ដឹងអំពីបញ្ហាបច្ចេកវិទ្យា Digital ពីថ្នាក់ដំបូងនេះទៅទេ យើងមិនអាចនឹងយល់បានរហូតដល់ថ្ងៃក្រោយបាននោះដែរ ព្រោះក្មួយៗនៅវ័យក្មេងអាចនៅបន្តជាងកន្លះជីវិតបានទៀត ដូច្នេះបើមិនបានរៀនជំនាញវិជ្ជាជីវៈ Digital កុំថាឡើយតាមប្រទេសរីកចម្រើន សូម្បីតែតាមអ្នកដែលបានរៀនជាច្រើនទៀតនៅក្នុងប្រទេសយើងក៏តាមមិនទាន់ដែរ ដូច្នេះសូមក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀន រៀនហើយរៀនទៀត គឺរៀនដើម្បីចេះ ចេះដើម្បីជួយសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន និងដើរឱ្យទាន់សម័យបច្ចេកវិទ្យា Digital ក្នុងការឈានទៅសម្រេចតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍដូចអារ្យប្រទេសនានា នៅក្នុងពិភពលោក ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ