អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរផែនការខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ និងសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានជំរុញមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការស្តារ ការកសាង ការជួសជុល ការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រខ្នាតតូច គមនាគមន៍គ្រប់ប្រភេទ។
អភិបាលខេត្ត បានយកឱកាសនោះណែនាំអ្នកពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ ព្រមទាំងជំរុញការអភិវឌ្ឍ លើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន និងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធ នវានុវត្តន៍ឌីជីថល ពោលគឺត្រូវពង្រឹង និងពង្រីកគុណភាពនៃការអប់រំចំណេះដឹងទូទៅ និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ។
លោកអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត (ការថែទាំសុខភាពបឋម) អនាម័យជនបទ ការទទួលបានសេវា សុខាភិបាល និងការធានារ៉ាប់រងផ្នែកសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រង និងថែទាំធនធានធម្មជាតិ និងការបន្សំានឹងការប្រែប្រួលអាកាសធាតុ ហើយនឹងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ។
លោកអភិបាលខេត្ត ក៏បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព និងសមធម៕