ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។សម្តេចបវរធិបតី បានប្រកាសថា គុណតម្លៃនៃការចុះឈ្មោះក្នុង«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»នឹងទទួលបានប្រយោជន៍៧យ៉ាងផ្សេងទៀតរួមមាន៖ទី១៖ បងប្អូនអាចនឹងមានការស្ទាក់ស្ទើរ ព្រោះ ខ្លាចជាប់កាតព្វកិច្ចពន្ធ។ សម្ដេចធិបតី បានបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយ មិនចាំបាច់ណាមួយដែលបងប្អូនត្រូវបង់ជូនរដ្ឋឡើយ។ទី២៖ ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ បងប្អូននឹងទទួលបាន វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។ទី៣៖ ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានសមត្ថភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។ទី៤៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ បងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤។ទី៥៖ អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពសម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ។ទី៦៖ តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។ទី៧៖ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ នេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការគ្របដណ្តប់សុខភាពជា សកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់យើង សម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ