បេក្ខជនជាប់និទ្ទេស A ម្នាក់ដែលមានជីវភាពក្រីក្រទទួលបានការលើកទឹកចិត្ត ពីកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាអំណោយមនុស្សធម៌ និងផ្ទះមួយខ្នង
បាត់ដំបង៖ ដើម្បីជួយសម្រាលនូវភាពក្រីក្រជូនដល់បេក្ខជនម្នាក់ដែលបានប្រឡងជាប់និទ្ទេស A បន្ទាប់ពីបានធ្វើការប្រកាសលទ្ធផលកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តាំងតំណាង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង យកទៅផ្តល់ជូនដល់យុវសិស្សស្ថិតក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅសង្កាត់អូចារ ក្រុងបាត់ដំបង និងសម្រេចផ្តល់ផ្ទះ១ខ្នង ដើម្បីជួយសម្រាលការលំបាកផងដែរ។
ការងារនេះត្រូវបានដឹកនាំដោយ លោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាក្រុងបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈបាត់ដំបង រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន ០៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករ តស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា ហើយអ្វីដែលគួរឱ្យកោតសរសើរ គឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ បានទទួលនិទ្ទេស A ថែមទៀតផង។
លោក ងី សែត បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានថ្លែងនូវការកោតសរសើរចំពោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា បើទោះបីជាគ្រួសារមានជីវភាពក្រីក្រក៏ដោយ ក៏ក្មួយមានឆន្ទៈខ្ពស់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រួមផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារឪពុកម្តាយរហូតប្រឡងជាប់ បាននិទ្ទេស A នាពេលនេះ។
លោក ងី សែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស គឺធនធានមនុស្ស ដែលមានសមត្ថភាព ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែថែមទៀត ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលត្រូវផ្តល់ជូនគ្រួសារក្មួយប្រុសរួមមាន៖ អង្ករ ១០០គីឡូក្រាម មី ២កេស ទឹកស៊ីអ៉ីវ ២យួរ ត្រីខ២០កំប៉ុង ឃីត១ មានមុង ភួយ សារុង ក្រមា ថវិកាចំនួន ៤០ម៉ឺនរៀល និងសម្រេចធ្វើផ្ទះថ្មី១ខ្នង ជូនគ្រួសារក្មួយគ្រុឌសុវណ្ណារ៉ាផងដែរ៕