សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ហើយគ្រឹះស្ថានសិក្សាទាំងអស់ក៏នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ វិច្ឆិកា សម្ដេចធិបតីបានលើកឡើងដឹងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុតដែលត្រូវបានកំណត់ នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត។
ក្នុងអង្គប្រជុំថ្ងៃទី២៨ តុលា ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្ដេចធិបតី បានប្រគល់ភារកិច្ចជូន លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក ១៤១ និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ដើម្បីពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់សិស្ស-និស្សិត។
ជាលទ្ធផល សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (ដោយសារសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សាជាច្រើនដែលជាសមាជិកសហព័ន្ធបាន បើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ)៕