ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយចំពោះឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង និងគណៈប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកម្មវិធីសមយុទ្ធយោធារួមគ្នា កម្ពុជា-ឡាវ-វៀតណាម។ ឆ្លៀតឱកាសនោះ សម្តេចតេជោបានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលបានកត់ត្រាជាប្រវត្តិសាស្រ្ត និងបង្ហាញនៅវិមានឈ្នះ-ឈ្នះ ចាប់ផ្តើមតាំងពីចលនារំដោះជាតិកម្ពុជារបស់សម្តេច។នាឱកាសជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលជួបរូប ឯកឧត្តម និងសហការី និងចំពោះការរំលឹកអំពីមនោសញ្ចេតនានៃទំនាក់ទំនងរវាងប្រទេសទាំងពីររយៈកាលជិត ៥០ឆ្នាំកន្លងទៅនេះ។ ឯកឧត្តម បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម ដូចជាឯកឧត្តមអគ្គលេខាធិកាបក្ស តូ ឡឹម, ឯកឧត្តមប្រធានរដ្ឋ លឿង កឿង, និងឯកឧត្តមនាយករដ្ឋមន្រ្តី ផាម មិញជីញ ជូនចំពោះសម្តេចតេជោ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាពិសេសក្រសួងការពារជាតិកម្ពុជា ដែលបានរៀបចំសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងបីបានយ៉ាងល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកអំពីសមិទ្ធផលនានាដែលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានសម្រេចបាន និងក្នុងន័យនេះ បានជូនពរឱ្យកម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំធេងផ្សេងៗបន្ថែមទៀត។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានទំនាក់ទំនងជាប្រពៃណី និងមានកិច្ចសហប្រតិបត្តិការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សន្តិភាពរបស់ប្រទេសមួយ គឺជាសន្តិភាពរបស់ប្រទេសមួយទៀត។ ហេតុដូចនេះ វៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឥតឈប់ឈរជាមួយកម្ពុជា និងបន្តគំាទ្រកម្ពុជាក្នុងការបំពេញតួនាទីនៅលើឆាកអន្តរជាតិនានា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមនាពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឆ្នាំ២០២៤-២០២៩ ដែលក្នុងនោះ រួមមានការអភិវឌ្ឍធនធានមនុស្ស, ការអប់រំបណ្តុះបណ្តាល, កិច្ចសហប្រតិបត្តិការតាមព្រំដែន, ការបន្តជំនួបជាប្រចាំរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម។ ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង ក៏បានសម្តែងនូវក្តីសង្ឃឹមថា ការជំរុញកិច្ចសហប្រតិបត្តិការទាំងនេះនឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសកងកម្លាំងយោធា បង្កើនភាពជឿជាក់រវាងគ្នា និងលើកកម្ពស់ការទទួលខុសត្រូវ មិនអនុញ្ញាតឱ្យពួកអមិត្តយកប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ។ ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង បានស្នើកម្ពុជាជួយបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគវៀតណាមនានានៅកម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងដូចគ្នានេះ ស្នើអាជ្ញាធរកម្ពុជាជួយបន្តសម្រួលដល់ការស្វែងរកអដ្ឋិធាតុរបស់កងទ័ពវៀតណាមដែលបានពលីជីវិតនៅកម្ពុជាផងដែរ។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបណ្តាំផ្ញើសួរសុខទុក្ខ និងដូចគ្នានេះ តាមរយៈ ឯកឧត្តមហ្វាន វ៉ាន់ យ៉ាង ផ្តាំផ្ញើការសួរសុខទុក្ខជូនដល់ ឯកឧត្តម តូ ឡឹម និងបណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេច បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំសមយុទ្ធយោធារួមគ្នា និងជំនួបត្រីភាគីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងបី។ សម្តេចតេជោ បានរំលឹកនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៦៧ និងបានលើកឡើងអំពីការចែករំលែកនូវការធ្វើបាឋកថាពិសេសរបស់សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ដើម្បីជាការលើកតម្លៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងឱ្យពិភពលោកទទួលស្គាល់អំពីតួនាទីរបស់វៀតណាមនៅក្នុងការរំដោះកម្ពុជា។ សម្តេចបានបន្តលើកឡើងថា វិមានឈ្នះ-ឈ្នះ គឺជាផ្នែកមួយដ៏សំខាន់នៃការរក្សាទុកប្រវត្តិទំនាក់ទំនងនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើមិត្តវៀតណាមជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេចនៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកឡើងនូវទិសដៅសកម្មភាពការងារ ដែលត្រូវបន្តធ្វើទៅមុខ និងការបន្តផ្តល់ការគាំទ្រនានាដល់កម្ពុជា។ សម្តេចតេជោ បានចង្អុលបង្ហាញបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សជាគោលដៅសំខាន់ និងបានផ្តល់អនុសាសន៍ឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចសិក្សា ការបោះជំរុំ និងការសិក្សារួមគ្នារវាងនាយទាហាន ដើម្បីពង្រឹងទំនាក់ទំនងគ្នា និងស្គាល់គ្នាពីដំបូងតែម្តង។សម្តេចតេជោ បានលើកឡើងបន្តទៀតថា កិច្ចការរុករកអដ្ឋិធាតុកងទ័ពពលីវៀតណាមក៏ជាកិច្ចការអាទិភាព ដូចគ្នានឹងការវិនិយោគ ដែលត្រូវទទួលបានការគាំទ្រ និងបរិយាកាសល្អ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាមអាចពង្រីកអាជីវកម្មបន្ថែម សំដៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការ CLV-DTA សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការដកខ្លួនរបស់កម្ពុជាចេញពីយន្តការនេះ មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ ដោយយើងប្រើយន្តការកិច្ចសហប្រតិបត្តិការកម្រិតប្រទេស មកជំនួសឱ្យកិច្ចសហប្រតិបត្តិការកម្រិតតំបន់នេះវិញ ដូចបានស្តែងឱ្យឃើញតាមរយៈការរៀបចំសមយុទ្ធយោធារួមគ្នាបីប្រទេសនេះជាដើម។ ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ