ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
Tue,26 November 2024 (Time 02:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃក្រសួងការពារប្រទេសឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ, ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការពារជាតិកម្ពុជា តាមរយៈ៖ ការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយ, ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្ដានុពលជាច្រើនទៀតដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និង ពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងសន្ដិសុខ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និង គ្រឿងញៀន ជាដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ