ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ និងជួយគ្នាទៅវិញទៅមក។ សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។ ក្នុងន័យនេះ ការថែរក្សាសុខសន្ដិភាពគឺជាកត្តាចាំបាច់ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម និងការតភ្ជាប់ពិភពលោក រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ