ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកស្រីបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO)។ ទន្ទឹមនេះ អង្គការ GIZ ក៏បានគាំទ្រដល់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ។លោករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីបណ្ឌិត Bärbel Kofler មកកម្ពុជានាពេលនេះ នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត។ថ្លែងក្នុងជំនួបនេះ លោកស្រីបណ្ឌិត Bärbel Kofler បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តដាក់យ៉ាងខ្លាំងចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បរមា នៅកម្ពុជាក៏ខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។លោកស្រី ក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការអភិវឌ្ឍជំនាញដែលជាកត្តាសំខាន់សម្រាប់វិស័យឯកជន។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំពារសង្គម ជាពិសេសការគាំពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។ ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញមេកានិក មេកាត្រូនិក ផ្នែកយានយន្ត ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ