ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ប៉ែន បូណា៖ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ គឺជាតួនាទីរបស់យើងទាំងអស់គ្នា
Thu,17 October 2024 (Time 06:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

ខេត្តកំពង់ស្ពឺ ៖ «កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់។

ឯកឧត្តម ប៉ែន បូណា បន្តគូសរំលេចទៀតថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត។

បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមជ្រុលនិយមដែលចាំរារាំងដំណើរការកសាងប្រទេសមានការរៀបចំជាបណ្តាញប្រទាក់ក្រឡាគ្នា ពោលគឺមានអ្នកប្រឌិតព័ត៌មានក្លែងក្លាយ មានអ្នកជួយបំពងសំឡេងដើម្បីឱ្យប្រជាពលរដ្ឋយល់ច្រឡំមកលើរាជរដ្ឋាភិបាល និងមានអ្នកចាំជួយការពារនៅពេលមានវិធានការ ឬចំណាត់ការផ្លូវច្បាប់ជាយថាហេតុ។ ដូច្នេះ ទន្ទឹមនឹងការការពាររាជរដ្ឋាភិបាល ពីការមួលបង្កាច់ យើងក៏ត្រូវប្រាប់ប្រជាពលរដ្ឋយើងឱ្យបានដឹងអំពីរឿងនេះផងដែរ ជាពិសេសយុវជនដើម្បីកុំឱ្យពួកគេជឿការឃោសនាភូតកុហក និងកុំឱ្យធ្លាក់ខ្លួនជាឈ្នាន់នយោបាយដ៏គ្រោះថ្នាក់។

ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋងាយទទួល និងផ្តល់ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឲ្យយើងមានទំនាក់ទំនងនិងយល់គ្នាទៅវិញទៅមករវាងរដ្ឋនិងប្រជាជន។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ ក៏យើងសង្កេតឃើញថា មានបញ្ហាជាច្រើនដែលបានកើតមកជាមួយដែរ ដូចជា បញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មាន អុចអាល និងព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលទាមទារឲ្យយើងមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រដ្ឋាភិបាល និងតម្លៃរបស់រដ្ឋបាលសាធារណៈរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ