បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគោលដៅប្រចាំខេត្តបាត់ដំបង សន្តិបណ្ឌិត សុខ ផល បានធ្វើការជំរុញដល់ឱ្យសមត្ថកិច្ច និងអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង អនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពបន្តបន្ថែមទៀត ដើម្បីផ្តល់ភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ។ ការជំរុញនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងថា ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្ត បានល្អប្រសើរ និងជាពិសេសបានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តវិធានការធ្វើការអប់រំ បង្ក្រាប និងស្តារនីតិសម្បទាស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ។ លោក សន្តិបណ្ឌិត សុខ ផល បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម អនុវត្តបានល្អប្រសើរ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តថែរក្សាសន្តិភាព និងសមិទ្ធផល ដែលយើងសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ។ សន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនៈភាពនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤ - ២០២៨ ដើម្បីប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព បរិយាបន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា ក្នុងសហគមន៍ ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ។ លោកបន្តថា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម” ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ